
អាជ្ញាធរស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រកាសជាផ្លូវការនូវពិធីបុណ្យចាប់ត្រីរួមគ្នា របស់អ្នកភូមិបង្កោង ឃុំអំពិល ដែលត្រូវធ្វើនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ។

អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង បានសរសេរលើបណ្ដាញសង្គមរបស់លោកថា «ពិធីចាប់ត្រីរួមតាមទំនៀមទម្លាប់បុរាណរបស់សហគមន៍ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៩ ខែកុម្ភ: ឆ្នាំ ២០២៥ វេលាម៉ោង ៧:០០ នាទីព្រឹក»។ លោកអភិបាលស្រុក បានសំណូមពរឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលរួមឱ្យបានច្រើនកុះករ ដើម្បីញុំាងឱ្យពិធីនេះកាន់តែរីករាយ។
ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។
ត្រីដែលចាប់បានក្នុងពិធីនេះ មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន ហើយមួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិនដែលខកខាន៕