
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃច័ន្ទ បានអំពាវនាវដល់មន្ទីរធនធានទឹក និងក្រុមការងារពាក់ព័ន្ធទូទាំងប្រទេស ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយសង្គ្រោះការដាំដុះស្រូវក្នុងរដូវប្រាំងឱ្យមានប្រសិទ្ធភាព។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពី “កិច្ចអន្តរាគមន៍ទឹកដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ឆ្នាំ២០២៥” បានសង្កត់ធ្ងន់ថា កិច្ចអន្តរាគមន៍ទឹកគឺជាអាទិភាពបន្ទាន់ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ បង្កើនការផ្គត់ផ្គង់ទឹកនៅទូទាំងខេត្ត-ក្រុង ដើម្បីជួយសង្គ្រោះការដាំដុះស្រូវប្រាំង ដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។
លោក ជេដ្ឋា បានបញ្ជាក់ថា ក្នុងនាម «ក្រសួងជំនាញដែលមានឯកទេសលើបញ្ហានេះ យើងត្រូវតែដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរាគមន៍ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការជួយដល់ប្រជាកសិករឱ្យបានទាន់ពេលវេលា»។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសមិទ្ធផលកន្លងមករបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារក្នុងការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករនៅតាមតំបន់នានាទូទាំងប្រទេស។
លោកបានកត់សម្គាល់ថា គោលបំណងនៃកិច្ចប្រជុំបន្ទាន់ថ្ងៃនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ទីរ និងក្រុមការងារទាំងអស់ ជាពិសេសប្រធានទទួលបន្ទុកសម្របសម្រួលធនធានទឹក និងឧតុនិយមក្នុងក្រុង-ខេត្ត ដោយសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរាគមន៍ទឹក។
លោក ជេដ្ឋា បន្ថែមថា “កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងធានានូវរបាយការណ៍រួម និងត្រឹមត្រូវស្តីពីតួលេខអន្តរាគមន៍ទឹក ខណៈកំណត់ឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាទឹកប្រកបដោយប្រសិទ្ធភាព”។
កិច្ចប្រជុំនេះធ្វើឡើងទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ដោយបានប្រមូលផ្តុំនូវរដ្ឋលេខាធិការអចិន្ត្រៃយ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង និងប្រធាននៃគ្រប់មន្ទីរធនធានទឹកទូទាំងក្រុង និងខេត្ត។
នៅថ្ងៃដដែលនោះ លោក ជេដ្ឋា បានណែនាំឱ្យ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កិច្ចប្រជុំបានពិភាក្សាអំពីដំណោះស្រាយ និងយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់ និងគ្រោះរាំងស្ងួតនាពេលថ្មីៗនេះ ដើម្បីបង្កើនការត្រៀមខ្លួនទប់ទល់គ្រោះមហន្តរាយ ពង្រឹងការគ្រប់គ្រងទឹក និងគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់នៅទូទាំងប្រទេស។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
គួរជម្រាបថា កាលពីថ្ងៃទី៣១ ខែមករា លោក ហ៊ុន ម៉ាណែត បានលើកឡើងពីប្រព័ន្ធធារាសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាគំនិតផ្តួចផ្តើមដែលធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ដែលអាចឱ្យប្រជាកសិករធ្វើស្រែបានរហូតដល់បីដងក្នុងមួយឆ្នាំ។
លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា គម្រោងប្រព័ន្ធធារាសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ចំនួន ១២ ត្រូវបានសាងសង់ និងស្តារឡើងវិញ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបានសម្រាប់ការធ្វើកសិកម្មនៅក្នុងខេត្តចំនួនបី រួមមានខេត្តតាកែវ កណ្តាល និងព្រៃវែង។